អ្នកវិភាគ៖ វិស័យអប់រំកម្ពុជា គុណភាពនៅមានកម្រិត

និពន្ធ​ដោយ Solida on . Posted in ព័ត៌មានប្រចាំថ្ងៃ

អ្នកវិភាគ៖ វិស័យអប់រំកម្ពុជា គុណភាពនៅមានកម្រិត

ទីតាំងលក់សៀវភៅកំណែតូចៗនៅក្បែរសាលាវិទ្យាល័យបាក់ទូក
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១២ ជាថ្ងៃទី២នៃការប្រឡងសញ្ញាបត្រទុតិយភូមិ

នៅសង្គមកម្ពុជា អ្នកដែលមានចំណេះដឹងខ្ពស់ៗ ពួកគាត់មានឱកាសតិចតួច ដែលអាចចូលបម្រើការងារនៅក្នុងជួររដ្ឋាភិបាលបាន ដូច្នេះការអភិវឌ្ឍប្រទេសក៏មិនអាចវិវឌ្ឍន៍ទៅបានលឿនដែរ។ ម្យ៉ាងទៀត វិស័យអប់រំនៅកម្ពុជា គុណភាពនៅមានកម្រិតនៅឡើយនោះ។

 

ថ្វីត្បិតតែនៅសង្គមកម្ពុជា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះសិស្សនិស្សិតបានហក់ចូលក្នុងវិស័យអប់រំច្រើនក្ដី ប៉ុន្តែវិស័យអប់រំនៅក្នុងស្ថានភាពបច្ចុប្បន្ននៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយគួរឲ្យព្រួយបារម្ភ ដោយសារតែបញ្ហាគុណភាព។

ក្រុមអ្នកជំនាញខាងអប់រំ និងអ្នកវិភាគបានលើកឡើងថា វិស័យអប់រំជាកត្តាមួយដ៏សំខាន់ សម្រាប់ឲ្យពលរដ្ឋកម្ពុជាគ្រប់រូប ចាប់អារម្មណ៍នឹងវិស័យអប់រំ និងទទួលបានការអប់រំឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ មានការផ្លាស់ប្ដូរផ្នត់គំនិត ធ្វើឲ្យមនុស្សមានក្រមសីលធម៌ សេចក្ដីថ្លៃថ្នូរ និងធ្វើឲ្យមានទំនាក់ទំនងល្អក្នុងសង្គមជាដើម។

ប្រធានគ្រប់គ្រងផ្នែកអប់រំ នៃអង្គការសង្គ្រោះកុមារនៅកម្ពុជា (Save The Children) លោក កែវ សារ៉ាត់ មានប្រសាសន៍ថា ការរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ឬសង្គមជាតិ អាស្រ័យលើសង្គមនោះមានធនធានមនុស្សច្រើន ការអប់រំបានស្មើភាពគ្នា និងលទ្ធផលអប់រំមានគុណភាព។ លោកបញ្ជាក់ថា ការអភិវឌ្ឍសង្គម ចាំបាច់ណាស់ត្រូវការមនុស្សមានសមត្ថភាព ដើម្បីទំនាក់ទំនងនៅក្នុងសង្គម។

ទោះបីជាសព្វថ្ងៃចំនួនកុមារបានចូលរៀនជាង៩០%ហើយក្ដី ពីព្រោះថា វិស័យអប់រំដែលមានគុណភាពនោះ ជាកត្តាចាំបាច់សម្រាប់ជំរុញឲ្យមានការអភិវឌ្ឍប្រទេសមានការរីកចម្រើនឆាប់រហ័ស តាមរយៈប្រជាពលរដ្ឋនៅក្នុងប្រទេសមានជំនាញច្បាស់លាស់ និងមានចំណេះដឹងគ្រប់គ្នា។ ផ្ទុយទៅវិញ មានករណីមួយចំនួនដែលធ្វើឲ្យវិស័យអប់រំនៅកម្ពុជា គ្មានគុណភាព ទោះបីជាមនុស្សគ្រប់រូបយល់ថា វិស័យអប់រំជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិក្ដី តែភាពធូររលុង នៃប្រព័ន្ធអប់រំ ពិសេសនៅពេលប្រឡង។

របាយការណ៍ស្រាវជ្រាវរបស់អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម បានរកឃើញថា សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សិស្សចំនួន៧៨%បានឆ្លើយថា ពួកគេចម្លងគ្នាទៅវិញទៅមកក្នុងពេលប្រឡង។ កូនសិស្ស៦៧%បានឆ្លើយថា ពួកគេបានចំណាយប្រាក់សម្រាប់ការប្រឡង គិតជាមធ្យមក្នុងម្នាក់ចំណាយលុយប្រមាណ៣០ដុល្លារ សម្រាប់រៃឲ្យគ្រូពេលប្រឡង។ ចំនួនសិស្ស៩២%ឆ្លើយថា ពួកគេប្រមូលលុយក្នុងថ្នាក់ សម្រាប់គ្រូអនុរក្សពេលប្រឡង ដើម្បីមានសិទ្ធិលួចចម្លងគ្នា និងបើកមើលកំណែបានជាដើម។

អ្នកស្រាវជ្រាវអភិវឌ្ឍន៍សង្គម លោក កែម ឡី បានសម្ដែងការព្រួយបារម្ភអំពីកត្តាគុណភាពអប់រំ នៅមានកម្រិតនៅឡើយនេះ ដែលជាហេតុនាំប្រទេសកម្ពុជាពិបាកនឹងប្រកួតប្រជែងជាមួយប្រទេសជិតខាង នៅពេលអនាគត ពិសេសនៅឆ្នាំ២០១៥ នៅពេលប្រទេសជាសមាជិកអាស៊ាន នឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

ក្រុមអ្នកវិភាគបានលើកឡើងថា ដើម្បីឲ្យការសិក្សាមានគុណភាពទៅបាននោះ មានកត្តាជាច្រើន ដូចជា ត្រូវកែប្រែកម្មវិធីសិក្សា ចាប់ពីមត្តេយ្យសិក្សាដល់ឧត្តមសិក្សា រដ្ឋាភិបាលត្រូវរៀបចំ និងមានវិធានការច្បាស់លាស់ គុណភាពគ្រូ និងសិស្ស បរិស្ថាននៃការសិក្សា តួនាទីរបស់រដ្ឋាភិបាល និងការចូលរួមពីសង្គមគ្រួសារ តាមរយៈការចំណាយថវិកាទៅលើកូនឲ្យចំទិសដៅ។

គុណភាពអប់រំនៅកម្ពុជា នៅមានកម្រិត ជាកត្តារាំងស្ទះនៅក្នុងការអភិវឌ្ឍសង្គមជាតិ ពីព្រោះថា ការអប់រំមានតួនាទីសំខាន់ណាស់ ការអប់រំឲ្យមនុស្សមានក្រមសីលធម៌វិជ្ជាជីវៈ បណ្ដុះឲ្យមនុស្សស្រឡាញ់ជាតិ បណ្ដុះឲ្យមនុស្សជាឆ្អឹងខ្នងទ្រទ្រង់សង្គម បណ្ដុះមនុស្សឲ្យស្គាល់សីលធម៌ និងសច្ចធម៌ នៃសង្គម បណ្ដុះមនុស្សឲ្យស្គាល់នូវវប្បធម៌របស់ខ្លួន បណ្ដុះឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិត និងផ្សេងៗទៀត។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា គ្រប់ប្រទេសទាំងអស់នៅលើសកលលោក ការអភិវឌ្ឍប្រទេស គេពឹងផ្អែកលើវិស័យអប់រំ ជាបញ្ហាចម្បង ពោលគឺប្រទេសនោះ គេទាមទារអ្នកមានចំណេះដឹង។ លោកអះអាងថា ដើម្បីរំដោះប្រជាពលរដ្ឋកម្ពុជារួចផុតពីភាពក្រីក្រ ក៏ត្រូវតែទាមទារនូវវិស័យអប់រំដែរ។

លោកបណ្ឌិត សុខ ទូច បានពន្យល់ថា ការដឹកនាំប្រទេសមួយឲ្យមាននិរន្តរភាពនោះ រដ្ឋាភិបាលត្រូវទាមទារឲ្យមានអ្នកជំនាញតាមផ្នែកនីមួយៗ ជាអ្នកផ្ដល់មតិយោបល់ ដើម្បីបង្ហាញផ្លូវ និងមានចក្ខុវិស័យវែងឆ្ងាយ។ លោកបណ្ឌិត សុខ ទូច បានហៅការអភិវឌ្ឍបែបជំហានគីង្គក់របស់រដ្ឋាភិបាលបច្ចុប្បន្ន មិនមែនជាការអភិវឌ្ឍដោយបែបអប់រំនោះទេ។

ទាក់ទងទៅនឹងបញ្ហានេះ អ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី បានលើកឡើងថា ទោះបីជាអ្នកមានជំនាញ និងចំណេះដឹងមួយចំនួន មានឱកាសចូលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋាភិបាលក្ដី ប៉ុន្តែពួកគេទាំងនោះមិនមានសិទ្ធិក្នុងការផ្ដល់យោបល់ និងសិទ្ធិក្នុងការធ្វើការសម្រេចចិត្តពេញលេញនោះទេ ដោយសារតែហេតុផលនយោបាយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបញ្ជូនកូនចៅទៅសាលារៀនមានសន្ទុះកើនឡើង ទោះបីជាវិស័យអប់រំនៅកម្ពុជា គុណភាពនៅមានកម្រិតក្ដី។ លោក កែម ឡី បានបង្ហាញរបាយការណ៍ថា ក្នុងឆ្នាំ២០១២ សិស្សចាប់ពីបឋមសិក្សាដល់ថ្នាក់វិទ្យាល័យមានជាង៣លាននាក់។ និស្សិតនៅថ្នាក់ឧត្តមសិក្សា មានជាង១០ម៉ឺននាក់។

ក្រុមអ្នកជំនាញខាងអប់រំ បានព្យាករណ៍ថា ប្រទេសកម្ពុជានឹងមិនមានសន្ទុះអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ចបានលឿនទេ ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់លើវិស័យអប់រំទេនោះ ពីព្រោះថា សង្គមមួយត្រូវការអ្នកប្រាជ្ញ អ្នកមានមុខជំនាញវិជ្ជាជីវៈច្បាស់លាស់ និងអ្នកដែលបង្កើតគំនិតថ្មីៗច្រើន នៅក្នុងសង្គម៕

ប្រភព វិទ្យុអាស៊ីសេរី